តុលាការកំពូលបញ្ជាឱ្យឥណ្ឌាគោរពសមភាពស្ត្រី-បុរសនៅក្នុងវិស័យយោធា (2020)
តុលាការកំពូលបញ្ជាឱ្យឥណ្ឌាគោរពសមភាពស្ត្រី-បុរសនៅក្នុងវិស័យយោធា
ចុះផ្សាយនៅថ្ងៃ: កែប្រែថ្ងៃទី:
ជាសេចក្តីសម្រេច ជាប្រវត្តិសាស្ត្រ ! តុលាការកំពូលឥណ្ឌាទើបចេញបញ្ជា នៅថ្ងៃចន្ទទី ១៧ កុម្ភៈ ឱ្យឥណ្ឌាគោរពសមភាពស្ត្រីនិងបុរស នៅក្នុងវិស័យយោធា។ ថ្វីបើស្ត្រីឥណ្ឌាចាប់មានសិទ្ធិធ្វើទាហាន កាន់អាវុធ បើកយន្តហោះចម្បាំង និងទៅសមរភូមិមុខមែន ប៉ុន្តែរហូតមកទល់ពេលនេះ ទាហានស្រីមិនអាចមានតួនាទីខ្ពស់ និងធ្វើការបានយូរទេ។
ផ្សាយពាណិជ្ជកម្ម
ទោះបីជារដ្ឋាភិបាលបានអះអាងថា “ស្ត្រីនិងបុរស មិនអាចមានសមត្ថភាពរាងកាយស្មើគ្នា ឬថាពលទាហាននៅមិនទាន់អាចផ្លាស់ប្តូរគំនិត ព្រមទទួលស្ត្រីជាមេទ័ព” ក៏ដោយ ក៏តុលាការកំពូលឥណ្ឌាមិនខ្វល់ និងបានចេញក្រឹត្យ ដែលមានខ្លឹមសារផ្ទុយពីគំនិតរបស់រដ្ឋាភិបាល។ តុលាការបានសម្រេចនៅថ្ងៃចន្ទទី ១៧កុម្ភៈ ថា ទាហានឥណ្ឌាទាំងពីរភេទ ត្រូវតែមានសិទ្ធិដូចគ្នា មិនថាភេទស្រី ឬភេទប្រុសទេ។
រហូតមកទល់ពេលនេះ ឥណ្ឌាមានស្ត្រីតែប្រមាណ ៤% ធ្វើការក្នុងវិស័យយោធា។ ស្ត្រីអាចចូលបម្រើកងទ័ព អាចធ្វើជាទាហានបានតែក្នុងរយៈពេលកំណត់ ១៤ឆ្នាំយ៉ាងច្រើនបំផុត។ ម្យ៉ាងទៀត ទាហានភេទស្រី អាចឡើងឋានន្តរសក្តិ មានតួនាទីជាមេបញ្ជាការ បានតែក្នុងផ្នែកនីតិប្បញ្ញត្ត និងផ្នែកបំពាក់បំប៉នយោធាតែប៉ុណ្ណោះ។
ការតស៊ូទាមទារសិទ្ធិស្មើ និងដូចបុរស ក្នុងការងារ បានចាប់ផ្តើម តាំងពីឆ្នាំ២០០៦មក។ យោធាស្ត្រីឥណ្ឌា បានប្តឹងតវ៉ាជាបឋម ទៅតុលាការជាន់ខ្ពស់ ញូវដែលី បន្ទាប់មកទៅតុលាការកំពូល ដែលស្ថាប័នតុលាការខ្ពស់ជាងគេបំផុតរបស់ប្រទេស។
នៅក្នុងសេចក្តីសម្រេចជាប្រវត្តិសាស្ត្រ តុលាការកំពូលបានចាត់ទុក ផ្នត់គំនិតមើលស្រាលភេទ (ស្ត្រី) មិនអាចយកមកធ្វើជាកត្តាបែងចែងរើសអើងក្នុងជួរកងទ័ពបានទេ។ ដូច្នេះ ដោយជាក់ស្តែង ស្ត្រីត្រូវអាចកាន់តួនាទី មានប្រាក់បៀវត្សរ៍ ទទួលប្រយោជន៍សង្គម និងប្រាក់ចូលនិវត្តន៍ ដូច ទាហានបុរស។
“ដល់វេលាដែលឥណ្ឌាត្រូវទទួលស្គាល់ការពិតថា មន្ត្រីភេទស្ត្រីក្នុងវិស័យយោធា មិនមែនជាជំនួយការក្នុងស្ថាប័នដែលគ្រប់គ្រងដោយបុរស។ ហើយវត្តមានរបស់ស្ត្រីក្នុងស្ថាប័ន ជាការ អនុគ្រោះរបស់បុរសទេ”។ នេះជាសេចក្តីប្រកាសរបស់តុលាការ ដោយសង្ឃឹមថាសេចក្តីសម្រេចនេះ នឹងចូលរួមចំណែកធ្វើឱ្យមានការផ្លាស់ប្តូរផ្នត់គំនិត នៅឥណ្ឌា៕
No comments: