ពិធីសារក្យូតូ រង​ការរិះគន់​ច្រើន តែ​ជា​គំរូ​ដំបូង​នៃ​ការប្រយុទ្ធ​ប្រឆាំង​ដើម្បី​អាកាសធាតុ

ពិធីសារក្យូតូ រង​ការរិះគន់​ច្រើន តែ​ជា​គំរូ​ដំបូង​នៃ​ការប្រយុទ្ធ​ប្រឆាំង​ដើម្បី​អាកាសធាតុ

សំឡេង ០៧:៣៨
តួលេខ​ខ្លះៗ​ដែល​កំណត់​ក្នុង​​ពិធីសារ​ក្យូតូ
តួលេខ​ខ្លះៗ​ដែល​កំណត់​ក្នុង​​ពិធីសារ​ក្យូតូ RFI/RP
ពិធីសារក្យូតូ ដែល​ជា​កិច្ចព្រមព្រៀង​អន្តរជាតិដំបូង​គេ​បង្អង់​​ ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ បាន​ចូល​ជា​ធរមាន នៅ ថ្ងៃទី ១៦ កុម្ភៈ ២០០៥។ ​​ពិធីសារដំបូង​​នេះ​ ​​មិន​គ្រប់​ជ្រុង​ជ្រោយ និង​រង​ការ​រិះគន់​ច្រើន​​មែន​ ប៉ុន្តែ​វា​បាន​ដាស់​ពិភពលោក​ និង​ជំរុញ​ឱ្យមាន​ចលនា​អន្តរជាតិ ​គិត​គូរ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​អាកាធាតុ​នៃ​ភព​ផែន​ដី។
ផ្សាយពាណិជ្ជកម្ម
​ពិធី​សារ​ក្យូតូ ត្រូវ​បាន​តាក់តែង​ឡើងនៅ​ឆ្នាំ ១៩៩៧ និង​សម្រេច​​ព្រមព្រៀង​​ចុះ​ហត្ថលេខា​ នៅ​​ក្នុង​សន្និសីទ​អង្គការ​សហប្រជាជាតិស្តី​ពី​អាកាសធាតុ​លើក​ទី​៣ នៅ​ទីក្រុង​ក្យូតូ ប្រទេស​ជប៉ុន​។ ពិធី​សារ​បាន​កំណត់​កម្មវត្ថុ​អាកាសធាតុ​ថា ត្រូវ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ នៅ​រវាង​ពី​ឆ្នាំ ២០០៨-២០១២ ឱ្យ​បាន​៥% ដោយ​យក​​បរិមាណ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ពុលនៅ​ឆ្នាំ​១៩៩០ ជា​គោល។
ប៉ុន្តែ​គេ​ត្រូវ​រង់​ចាំ​រហូត​ដល់ ថ្ងៃទី ១៦​ កុម្ភៈ ២០០៥ ក្រោយ​ពី​រុស្ស៊ី​ព្រម​ផ្តល់​សច្ចាប័ន​លើ​ពិធីសារ​នៅ​ ​ឆ្នាំ​២០០៤ ទើប​ពិធីសារក្យូតូ​បាន​ចូល​ជា​ធរមាន ព្រោះ​ដើម្បី​ឱ្យ​កិច្ចព្រមព្រៀង​មួយ​មាន​សុពលភាព និង​អាច​ចូល​ជា​ធរមាន​បាន​ ដរាប​ណា​តែ​មាន​ប្រទេស​ហត្ថលេខី​ ជា​ប្រទេស​មាន​ឧស្សាហកម្ម​ជឿន​លឿន យ៉ាង​តិច ៥៥​ប្រទេស និង​តំណាង​ឱ្យ​៥៥%​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សរុប​ព្រម​ផ្តល់​សច្ចាប័នសិន។
​ដូច្នេះ​ពិធីសារក្យូតូ​ បាន​ជួប​ការ​លំបាក​តាំង​ពី​កើត​ភ្លាម​ ដោយ​ត្រូវ​​រង់​ចាំ​ដល់​ទៅ​៨​ឆ្នាំ​ទម្រាំ​ប្រទេស​ជឿន​លឿន​ព្រម​ផ្តល់​សច្ចាប័ន​បាន​គ្រប់​៥៥​ប្រទេស។ ចំណែក​សហរដ្ឋ​អាមេរិក​ ដែល​ជា​អ្នក​បញ្ចេញ​ផ្សែង​ពុល​ខ្លាំង​ជាង​គេ លំដាប់ទីមួយ​ពិភពលោក បាន​ចុះ​ហត្ថលេខាលើ​ពិធីសារ​មែន តែ​មិន​បាន​ផ្តល់​សច្ចាប័ន​ទេ។
ឥទ្ធិពលនិង​ប្រសិទ្ធភាព​​របស់​ពិធីសារ​
​​ពិធីសារ​ក្យូតូ បានតម្រូវ​ឱ្យ​ប្រទេស​ឧស្សាហកម្ម ជា​អ្នក​ប្រឹង​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ឯ​ក្រុមប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍ​មិន​ទាក់ទង​ទេ។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា នៅ​ចន្លោះ​ពេល​នោះ ប្រទេស​កំពុង​អភិវឌ្ឍ​​ក៏​បាន​ក្លាយ​ជា​អ្នក​បញ្ចេញ​ផ្សែងពុល​​ដ៏​ធំដែរ។ ចិន ដែល​កាលពី​ឆ្នាំ​១៩៩៧​ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រទេស​កំពុង​លូតលាស់ គ្មានជាប់​​កាតព្វកិច្ច​បន្ថយ​ផ្សែង​ពុល បានឡើង​មក​ឈរ​នៅ​លំដាប់​ទីមួយ ជា​​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ខ្លាំង​គេ នៅ​ឆ្នាំ​២០០៦ ពោល​គឺតែ​មួយ​ឆ្នាំ​ក្រោយ​ពិធីសារ​បាន​ចូល​ជា​ធរមានប៉ុណ្ណោះ។ ដូច្នេះ​ប្រសិទ្ធភាព​របស់​ពិធីសារ​ត្រូវ​ធ្លាក់​មួយ​កំរិត​​បាត់​ទៅ​ហើយ។ ពិធីសារ​ មាន​ប្រសិទ្ធភាព​តិច​តួច​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ​ និងមិន​សូវ​នាំ​ជោគជ័យ​ ព្រោះ​​មូលហេតុពីរ​​យ៉ាង​ទៀត គឺ​កង្វះមហិច្ឆតា និង​អវត្តមាន​របស់​ក្រុម​អ្នក​បញ្ចេញ​ផ្សែងពុល​ខ្លាំង។ អវត្តមាន​របស់​សហរដ្ឋ​អាមេរិក ចិន រុស្ស៊ី និង​ជប៉ុន ព្រមទាំង​កាណាដា​ ពិត​ជា​ធ្វើ​ឱ្យ​ពិធីសារ​លែងសូវ​មាន​ឥទ្ធិពល​និង​ប្រសិទ្ធភាព​។
ប៉ុន្តែ​បើតាម​​របាយការណ៍​អង្គការ​សហប្រជាជាតិ ពិភពលោក​បាន​សម្រេច​លើ​ស​កម្មវត្ថុ​ចែងក្នុង​ពិធីសារ​ទៅ​ទៀត ដោយ​បាន​ផ្តល់​តុល្យការ​​ថា នៅ​រវាង​ពី​ឆ្នាំ​១៩៩០​ដល់​ឆ្នាំ​២០១២ មានការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​បាន​ដល់​ទៅ ២៤% (មិនមែន​ត្រឹម​៥%​ដូច​កំណត់​ក្នុង​កម្មវត្ថុ​ទេ)។ តែ​តួលេខនេះ​មិនបាន​រាប់​បញ្ចូល​ការ​បញ្ចេញ​ផ្សែង​ពុល​របស់​អាមេរិក​និង​កាណាដា (ដែល​មាន​ដល់​ទៅ​១៨% នៅ​១៩៩០-២០១២)។ តាមការពិត​ តុល្យការ​របស់​អង្គការ​សហប្រជាជាតិ​មិន​ខុស​ទេ ព្រោះ​ពេល​នោះ​ពិភពលោកកើត​ហេតុការណ៍​ធំពីរ ដែល​នាំ​ឱ្យ​សកម្មភាព​ឧស្សាហកម្ម​បន្ថយ​ល្បឿន គឺការដួល​រលំ​នៃ​របប​​កុម្មុយនិស្ត​ប្លុក​សូវៀត និង​វិបត្តិ​សេដ្ឋកិច្ច​ ២០០៨។ បើ​គ្មាន​ព្រឹត្តិការណ៍​ពីរ​នេះទេ នោះការកាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​ទំនង​សម្រេច​បាន​ត្រឹម​តែ​៤%ប៉ុណ្ណោះ។
ពិធីសារក្យូតូ​ជា​គំរូ
ជា​សរុប​ទៅ ពិធីសារ​ក្យូតូ នៅតែ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​គំរូ​នៃ​ជោគជ័យ​ ព្រោះ​វា​គ្រឹះ​បណ្តុះ​​ទស្សនវិស័យ​ពិភពលោក​ឱ្យ​គិត​គូរ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ ពិធីសារ​ក្យូតូ​​មិន​គ្រប់​ជ្រុង​ជ្រោយ​មែន​តែ​បាន​រុញ​ច្រាន​គ្រប់​ប្រទេស​ឱ្យ​មក​អង្គុយ​ក្នុង​តុ​តែ​មួយ​ចរចា​ និងចេញ​​វិធានការដំបូង ​​ទប់​ស្កាត់​ការ​ឡើង​កម្តៅ​នៃភពផែនដី។​
ខួប​១៥​ឆ្នាំ​នៃ​ការ​ចូល​ជា​ធរមាន​ពិធីសារក្យូតូ ក៏​ជា​ពេល ប្រាប់​ថា​ ពិធីសារ​ក្យូតូ ចាប់​អស់​សុពលភាព​ដែរ។ សម្រេច​បាន​នៅ​ក្នុង​សន្និសីទអង្គការ​សហប្រជាជាតិ​​លើក​ទី ២១ កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ឆ្នាំ ២០១៥​ស្តីពី​អាកាសធាតុ នឹង​ត្រូវ​ចូល​ខ្លួន​មក​ជំនួស​ពិធីសារក្យូតូ​ នៅ​ឆ្នាំ​២០២០​នេះ​។ ជា​កិច្ចព្រមព្រៀង​ថ្មី ដែល​តាក់​តែង​ឡើង​ដោយ​មិន​ភ្លេច​គិត​គូរ​អំពី​ចំណុច​ខ្វះ​ខាត​ដែល​ធ្លាប់​មាន​ក្នុង​ពិធីសារ​ក្យូតូ​ឡើយ។
តាម​គំរូ​ទស្សនៈ​វិជ្ជា​របស់​ពិធីសារ​ក្យូតូ កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស បាន​បញ្ជាក់​អំពី​ទំនួល​ខុស​ត្រូវ​របស់​គ្រប់​ប្រទេស​ ក្នុង​ការ​​បញ្ចេញ​សកម្មភាព​ដើម្បី​អាកាសធាតុ​។ គ្រប់ប្រទេស​មិន​ថា​មាន​សេដ្ឋកិច្ច ខ្លាំង​ឬ​ខ្សោយ​ទេ ត្រូវ​តែ​ប្រឹង​កាត់​បន្ថយ​ ឬ​ប្រឹង​ធ្វើ​យ៉ាងណា​ទប់​កុំ​ឱ្យ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​កើន​ឡើង។ គ្រប់​ប្រទេស​ត្រូវ​សម្រេច​ចិត្ត​ធ្វើ តាម​គោលការណ៍ស្ម័គ្រចិត្ត​ តែ​ជា​រៀង​រាល់​៥​ឆ្នាំ​ម្តង ត្រូវ​បង្ហាញ​ផែនការ​អាកាសធាតុ​ថ្មី។ កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស ប្រមូល​ផ្តុំ​ប្រទេស​ជា​សមាជិក​ច្រើន​ជាង​ពិធីសារ​ក្យូតូ តែ​នៅ​តែ​គ្មាន​សហរដ្ឋ​អាមេរិក​ដដែល ព្រោះ​លោក​ត្រាំ​បាន​សម្រេច​ដក​ខ្លួន​ចេញ​វិញ កាលពី​ខែ​វិច្ឆិកា ២០១៩៕

No comments:

Powered by Blogger.