លោកហ្សង់ ហ្វីលីប បេហ្សា៖ពលរដ្ឋចិនមិនសប្បាយចិត្តនឹងការគ្រប់គ្រងមេរោគ Covid-១៩ របស់រដ្ឋាភិបាល
លោកហ្សង់ ហ្វីលីប បេហ្សា៖ពលរដ្ឋចិនមិនសប្បាយចិត្តនឹងការគ្រប់គ្រងមេរោគ Covid-១៩ របស់រដ្ឋាភិបាល
ចុះផ្សាយនៅថ្ងៃ: កែប្រែថ្ងៃទី:
នៅក្នុងប្រទេសចិន ចំនួនមនុស្សស្លាប់ និងឆ្លងមេរោគកូរ៉ូណាថ្មីកំពុងបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ គិតត្រឹមថ្ងៃអង្គារ ទី១៨ កុម្ភៈ មានមនុស្សស្លាប់ជិត ១ ៩០០នាក់ និងអ្នកមានមេរោគក្នុងខ្លួនជាង ៧០ ០០០នាក់។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នកឆ្លងហាក់មានសន្ទុះខ្សោយ។ តែអង្គការសុខភាពពិភពលោក WHO នៅបន្តមានការប្រយ័ត្នប្រយែង និងបានបញ្ជាក់ពីការមិនអាចប្រមើលមើលបានពីទិសដៅនៃការវិវឌ្ឍរបស់មេរោគ។ ទន្ទឹមគ្នានេះ WHO ក៏បានព្រមានប្រឆាំងនឹងចំណាត់ការទប់ស្កាត់ដែលគ្មានសមាមាត្រពីសំណាក់ប្រទេសមួយចំនួន។ ដោយឡែកនៅចិន វិធីសាស្រ្តគ្រប់គ្រងវិបត្តិមួយនេះពីសំណាក់រដ្ឋអំណាចបានបង្កឲ្យមានព្យុះរលកមិនសប្បាយចិត្ត និងការរិះគន់ទិតៀននៅលើបណ្តាញសង្គម។ នេះជាព្រឹត្តិការណ៍ថ្មីមួយដែលរដ្ឋអំណាចចិនពិបាកទប់ស្កាត់ និងបិទបាំង ទោះបីមានការកម្រិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិក៏ដោយ។ លោកហ្សង់ ហ្វីលីប បេហ្សា នាយកផ្នែកស្រាវជ្រាវនៅមជ្ឈមណ្ឌលជាតិនៃការស្រាវជ្រាវវិទ្យាសាស្ត្របារាំងបានយល់ឃើញថា ពាក្យរិះគន់ ទិតៀនភាគច្រើនរបស់ពលរដ្ឋចិនទាក់ទងជាពិសេសលើការពង្រឹងការគ្រប់គ្រងព័ត៌មាន និងសំដៅលើប្រធានាធិបតីលោកស៊ី ជីនពីងដោយផ្ទាល់តែម្តង។
ផ្សាយពាណិជ្ជកម្ម
« ការមិនទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះមន្រ្តី គឺជាព្រឹត្តិការណ៍មួយដែលមានជាអចិន្ត្រៃយ៍នៅក្នុងសាធារណរដ្ឋប្រជាមានិតចិន។ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះនៅត្រង់ថាជាញយដង គេពិបាកនឹងរកឃើញមតិយោបល់ រិះគន់ មិនសប្បាយចិត្តទាំងនោះ ព្រោះឃ្លាឃ្លោង និងពាក្យពេចន៍ត្រូវបានរដ្ឋអំណាចលុបចោលភ្លាមៗ។ តែលើកនេះ និងដោយសារភាពធ្ងន់ធ្ងរខ្លាំងនៃស្ថានការណ៍កើតចេញពីមេរោគកូរ៉ូណាថ្មី គ្រប់បណ្តាញសង្គមត្រូវបានជោរជន់ដោយភាពក្តៅក្រហាយ និងពាក្យរិះគន់ ទិតៀនដែលរដ្ឋអំណាចមិនអាចទប់ស្កាត់ លុបចោលបានឡើយ។
អ្វីដែលថ្មី និងដែលខ្ញុំបានមើលឃើញ គឺការទាមទារសិទ្ធិទទួលបានព័ត៌មានទូលំទូលាយបន្ថែម និងសិទ្ធិក្នុងការជួបជុំ។ គួរបញ្ជាក់ថា តាំងពីការឡើងកាន់តំណែងប្រធានាធិបតីរបស់លោកស៊ី ជីនពីងក្នុងឆ្នាំ ២០១៣ និងឆ្លងចូលអាណត្តិទី២ ក្នុងឆ្នាំ ២០១៧ មក មានការរឹតបន្តឹងលើសិទ្ធិទទួលបានព័ត៌មាន និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ ប្រជាពលរដ្ឋខឹងសម្បារយ៉ាងខ្លាំងប្រឆាំងនឹងការកម្រិតសិទ្ធិក្នុងការបញ្ចេញមតិ ហើយពួកគេបានសម្លឹងឃើញពីផលវិបាកដែលកើតចេញពីការគ្រប់គ្រងលើសិទ្ធិក្នុងការបញ្ចេញមតិនេះ។
ម្យ៉ាងទៀតនៅលើបណ្តាញសង្គម គេសង្កេតឃើញមានពាក្យរិះគន់ ទិតៀនមួយចំនួនចំពោះមនុស្សខ្លាំងលោកស៊ី ជីនពីង »៕
No comments: